Skip to content Skip to footer

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ទទួលស្តាប់ការបង្ហាញ និងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងទទួលស្វាគមន៍នូវរាល់គំនិតផ្តួចផ្តេីម​ទាំងអស់​ក៏ដូចជាធាតុចូលបន្ថែម​តាមខេត្តនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

ការងារនេះ ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ប្តេជ្ញាធ្វើការសហការរួមគ្នាល្អ ធ្វើការរួមគ្នាដោយឆន្ទៈ និងការទទួលខុសត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ដោយត្រូវយកបញ្ហាប្រឈមដាក់លើតុ នាំគ្នាពិភាក្សារកដំណោះស្រាយឱ្យបានល្អបំផុត។ ចំពោះការវាយតម្លៃចំណាត់ថ្នាក់គម្រោង ត្រូវពិនិត្យមើលឱ្យបានគ្រប់ចំណុច ឱ្យល្អិតល្អន់ ទាន់ពេលវេលា ប្រកបដោយបច្ចេកទេស ព្រមទាំងគិតពីពេលវេលានៃការទទួលបានដីផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី លេខាធិការដ្ឋានត្រូវធ្វើចំណាត់ថ្នាក់នៃគម្រោងទាំងនោះ ដោយត្រូវជួយថែរក្សាគម្រោងដែលមានសកម្មភាពល្អឱ្យជួយអភិវឌ្ឍប្រទេសជាតិ ហើយត្រូវ​ជួយជំរុញដល់អ្នកដែលមានសកម្មភាពតិចឱ្យបានប្រសើរឡើង។ ចំណែកគម្រោងដែលមិនមានសកម្មភាព ត្រូវជំនួសដោយគម្រោងថ្មីរបស់វិនិយោគិនថ្មីដែលមានផែនការវិនិយោគច្បាស់លាស់និងធ្វើពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍខេត្ត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ។

ឯកឧត្តម បានរំឭកជាថ្មីម្តងទៀតជូនអង្គប្រជុំឱ្យទទួលស្គាល់ពីសារៈសំខាន់នៃសម្បទានដីសេដ្ឋកិច្ច និងភាពចាំបាច់ដែលត្រូវដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដោយស្នើលេខាធិការដ្ឋានរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់រាល់ ៣ខែម្តង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយរាល់បញ្ហាដែលកើតមានឱ្យបានល្អនិងទាន់ពេលវេលា។ បន្ថែមលើនេះទៀត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន ត្រូវមានព័ត៌មានច្បាស់លាស់ វាយតម្លៃប្រកបដោយតម្លាភាព ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ រីឯការទទួលចំណូលមិនមែនសារពើពន្ធ ត្រូវមានវិធានការពិន័យប្រាក់ក្នុងមួយហិចតា​ ៥ដុល្លា ចំពោះអ្នកមិនបានបង់ថ្លៃដី​ជូន​រដ្ឋ ដោយប្រើយន្តការសន្ទនាត្រឹមត្រូវ ព្រមទាំងការកំណត់៕

Leave a comment